នាថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង 0៩:០០ នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានសហការជាមួយសាលាភូមិន្ទរដ្ឋបាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី២ អំពីសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៣០០ រូប។ សិក្ខាសាលានាពេលព្រឹកនេះ បានចូលរួមថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីសាធារណជនទូទៅ ក្នុងការរួមចំណែកគាំទ្រដល់បេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹងមាំ និងធន់ទៅនឹងវិបត្តិ ហើយមានលក្ខណៈជាប្រព័ន្ធស្តង់ដា ស្របទៅនឹងឧត្តមានុវត្តន៍ជាអន្តរជាតិ។